ក្មេង​ប្រុស​មិន​ទាន់​គ្រប់​អាយុ​ជាប់​ចោទ​ពី​បទ​ប៉ង​លួច​កៅ​អី


អំពើ​ហិង្សា​វាយ​ដំ​រំលោភ​សិទ្ធិ​ក្មេង​ប្រុស​ម្នាក់​អាយុ​ក្រោម ១៨​ឆ្នាំ​នៅ​ក្រុង​បានលុង ខេត្ត​រតនគិរី​ដោយ​ម្ចាស់​ហាង​បៀរ​ហ្គាដិន​​ឈ្មោះ​ “រាជសី” ចោទ​ថា បាន​ចូល​លួច​ទ្រព្យ​ក្នុង​ផ្ទះ​មិន​ទាន់​ស៊ើប​អង្កេត​រក​ការ​ពិត​ទេ។

អាណា​ព្យាបាល​របស់​ក្មេង​ប្រុស​ម្នាក់​ដែល​ត្រូវ​គេ​ចោទ​ប្រកាន់​ថា ជា​ចោរ បាន​និយាយ​ថា​ពួក​គេ​នឹង​ដាក់​ពាក្យ​ចោទ​ប្រកាន់​ម្ចាស់​ហាង​បៀរ​ហ្គាដេន រាជសី មាន​ទីតាំង​នៅ​ខេត្តរតនគិរី នៅ​សប្តាហ៍​ខាង​មុខ​នេះ ក្រោយ​ពី​ម្ចាស់​ហាង​នោះ​បាន​ចាប់​ក្មួយ​ប្រុស​គាត់​វាយ​ដំ ហើយ​​ប្រគល់​ឲ្យ​ក្រុម​អាវុធហត្ថឃុំ​ទៀត ដោយ​ចោទ​ថា​ចោរ។

លោក ឆាយ សុខ ដែល​ត្រូវ​ជា​ពូ​របស់​ក្មេង​ប្រុស​នោះ​មាន​ប្រសាសន៍​នៅ​ថ្ងៃ​សុក្រ ទី​១៧ ខែ​ធ្នូ ឆ្នាំ២០០៩ ថា គាត់​កំពុង​រង់​ចាំ​ឪពុក​បង្កើត​ក្មេង​ប្រុស​ដែល​កំពុង​បំពេញ​ការងារ​នៅ​ ខេត្ត​មណ្ឌលគីរី​មក​ដាក់​ពាក្យ​បណ្តឹង​នោះ។

លោក ឆាយ សុខ មាន​ប្រសាសន៍​ថា ៖ «ពី​រឿង​ចាប់​បង្ខំ​ក្មេង​ឲ្យ​ឆ្លើយ។ វា​មិន​បាន​ចូល​ផ្ទះ​លួច​អី​សោះ​ចាប់​បង្ខំ​វ៉ៃ​គ្នា ឲ្យ​គ្នា​ឆ្លើយ​ថា​បាន​​លួច »។

កាល​ពី​ថ្ងៃ​ទី​១៤ ខែ​ធ្នូកន្លង​ទៅ ម្ចាស់​ហាង​បៀរ​ហ្គាដេន​រង​ការ​ចោទ​ប្រកាន់​ថា បាន​ចាប់​ក្មេងប្រុស​អាយុ ១៤ឆ្នាំ ឈ្មោះ ឆាយ រតនៈ ពី​ក្រៅ​របង​ផ្ទះ ហើយ​ចង​វាយ​មួយ​ដំបង ទាត់​មួយ​ជើង ឲ្យសារភាព​ថា​ គេ​បាន​ចូល​ក្នុង​របង​ផ្ទះ ដើម្បី​លួច​កៅ​អី។ បន្ទាប់​មក​ទៀត​ម្ចាស់​ហាង​បាន​ប្រគល់​ក្មេង​ទៅ​ឲ្យ​មន្ត្រី​អាវុធហត្ថ​ដែល​ ជា​ហេតុ​ធ្វើ​ឲ្យ​មន្ត្រី​អាវុធហត្ថ​ទារ​ប្រាក់ ៥០​ម៉ឺន​រៀលពីម្តាយ​ទើប​ដោះ​លែង​ក្មេង​វិញ។

នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ីសេរី នៅ​ព្រឹក​ថ្ងៃ​សុក្រ ក្មេង​ឈ្មោះ ឆាយ រតនៈ និង វ៉ាន់ ពុធ អ្នក​ទាំង​ពីរ​នៅ​តែ​បដិសេធ​ថា​មិន​បាន​ចូល​លួច​ទ្រព្យ​ម្ចាស់​ហាង​នោះ​ទេ ដោយ​សំអាង​ថា ពួក​គេ​រត់​គេច​ពី​ក្រុម​ក្មេង​ស្ទាវ​បី​នាក់ ស្ទាក់​វាយ​ហើយ​ក្មេង​ឈ្មោះ រតនៈ រត់​មក​ពួន​ក្បែរ​កៅ​អី​ថ្ម​មុខ​ហាង​ចំណែក​មិត្ត​គេ​ពីរ​នាក់​ទៀត រត់​បែក​ផ្លូវ​គ្នា​ដោយ​ពួក​គេ​បាន​អះអាង​ដូច្នេះ​ ៖ «គេ​ដេញ​វ៉ៃ​ខ្ញុំ ហើយ​ខ្ញុំ​មិន​រត់​ចូល​ព្រៃ​ទេ ហើយ​ខ្ញុំ​ក៏​មិន​មាន​បំណង​ថា​ទៅ​យក​របស់​គេ​ដែរ ហើយ​គាត់​ថា​ខ្ញុំ​ហែក​របង »។

ចំណែក​ម្ចាស់​ហាង អ្នក​ស្រី ផុន ទេវិន នៅ​តែ​អះអាង​ថា​ ក្មេង​ទាំង​នោះ​បាន​ចូល​លួច​កៅ​អី​ក្នុង​ហាង​គាត់​ទើប​ប្តី​គាត់​ចាប់​ចង​ ហើយ​ទាត់​មួយ​ជើង​តែ​ប៉ុណ្ណោះ។ គាត់​បន្ត​ថា បាន​ឃើញ រតនៈ លោត​ចេញ​ពី​របង និង​បន្សល់​ស្បែក​ជើង​មួយ​នៅ​ក្នុង​បរិវេណ​របង​ផ្ទះ​ដែល​ជា​ភស្តុតាង​ដោយ​ អ្នក​ស្រី​បាន​បញ្ជាក់​ថា ៖ «ដូច​ថា​ខ្ញុំ​ឃើញ​ថា ពី​លើ​របង ដូច​ថា​ផ្លោះ​របង​តែ​ម្តង ហើយ​ចូល​ពួន​តែ​ម្តង »។

មន្ត្រី​ផ្នែក​អង្កេត​សមាគម​អាដហុក លោក ប៉ែន ប៊ុណ្ណារ៍ មាន​ប្រសាសន៍​ថា​ហេតុការណ៍​ពិត​ប្រាកដ​នោះ​មិន​មាន​សាក្សី​ណា​ផ្សេង​បញ្ជាក់ ​ឡើយ។ ករណី​ចោទ​ប្រកាន់​កុមារ​ក្នុង​រឿង​លួច​ទ្រព្យ​តូច​តាច ម្ចាស់​ហាង​មិន​គួរ​ប្រើ​ការ​វាយ​ដំ​ទៅ​លើ​ក្មេង​មិន​ទាន់​គ្រប់​អាយុ​នោះ​ ទេ ហើយ​មន្ត្រី​អាវុធហត្ថ ​ត្រូវ​ធ្វើ​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ច្បាស់​មិន​ត្រូវ​ទារ​ប្រាក់​ហើយ​ធ្វើ ​ការ​ដោះ​លែង​ដែល​ទាំង​អស់​នោះ​សុទ្ធ​តែ​ជា​ប្រការ​ផ្ទុយ​ច្បាប់។

លោក ប៉ែន ប៊ុណ្ណារ៍ មាន​ប្រសាសន៍​ថា ៖ «គឺ​ម្នាក់ៗ​ត្រូវ​កសាង​ខ្លួន ធ្វើ​យ៉ាង​ណា​ឲ្យ​ចៀស​ផុត​កំហុស​ហ្នឹង​បន្ត​ទៅ​ទៀត »។

មន្ត្រី​កង​រាជអាវុធហត្ថ​ខេត្ត លោក ហៃ វណ្ណារ៉ា ធ្លាប់​បដិសេធ​រួច​ហើយ​នូវ​សេចក្តី​ចោទ​ប្រកាន់​នេះ។ លោក​ថា ម្តាយ​ក្មេង​យល់​ព្រម​ប្រគល់​ប្រាក់​ជា​ស​គុណ​ដល់​អាវុធហត្ថ​បាន​ប្រគល់​ ក្មេង​វិញ​ដើម្បី​យក​ទៅ​អប់រំ។ យ៉ាង​ណា​ក្តី រហូត​មក​ទល់​នឹង​ថ្ងៃ​ត្រង់ ថ្ងៃ​សុក្រ ភាគី​ទាំង​ពីរ​បាន​យល់​ព្រម​ផ្សះផ្សា​គ្នា​បញ្ឈប់​ប្តឹង​ផ្តល់បន្ទាប់​ពី​ ម្ចាស់​ហាង​យល់​ព្រម​ជួយ​ប្រាក់ ​២៥​ម៉ឺន​​រៀលមក​ឲ្យ​អាណា​ព្យាបាល​ក្មេង​ជា​ការ​ខាត​បង់​ទាំង​អស់​គ្នា​៕

2009-12-17

ដោយ រដ្ឋា វីសាល

វិទ្យុ​អាស៊ីសេរី


Categories: ក្មេងប្រុស, បទល្មើសកុមារ | Tags: , , | បញ្ចេញមតិ

Post navigation

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

បង្កើត​វេបសាយ​ឬ​ប្លក់​មិន​គិត​ប្រាក់​មួយ​នៅ WordPress.com.

%d bloggers like this: