ចាប់​ខ្លួន​ក្មេង​ប្រុស​កើត​អេដស៍​អាយុ​១១​ឆ្នាំ​រំលោភ​ក្មេង​ស្រី


ក្មេង​ប្រុស​អាយុ​ ១១ ​ឆ្នាំ​ ម្នាក់ ដែល​កើត​ជំងឺ​អេដស៍ នៅ​ខេត្ត​ព្រះសីហនុ ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​បញ្ជូន​ទៅ​កាន់​ការិយាល័យ ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​ និង​ការ​ពារ​អនីតិជន កាល​ពី​ថ្ងៃ​អង្គារ ពី​បទ​ចាប់​រំលោភ​ប្អូន​ស្រី​ជី​ដូន​មួយ​របស់​ខ្លួន​ម្នាក់​ អាយុ​ ៧​ ឆ្នាំ។ ការ​ចាប់​ខ្លួន​នេះ ធ្វើ​ឡើង​ទៅ​តាម​ពាក្យ​បណ្តឹង​របស់​គ្រួសារ​ជន​រង​គ្រោះ​។

លោក រស់ កី អធិការ​ស្រុក​ស្ទឹង​ហាវ​បាន​ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​អង្គារ​លោក​បាន​កសាង​សំណុំ​រឿង ពី​ករណី​ដែល​ក្មេង​ប្រុស​អាយុ​ ១១​ឆ្នាំ​ម្នាក់ រស់​នៅ​ឃុំ​អូរ​ត្រេះ ស្រុក​ស្ទឹង​ហាវ បញ្ជូន​ទៅ​ការិយាល័យ ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​ និង​ការ​ពារ​អនីតិជន ដើម្បី​ចាត់​វិធានការ​បន្ត​ទៅ​តុលាការ​តាម​ច្បាប់។

ទោះ​យ៉ាង​ណា លោក​បញ្ជាក់​ថា​៖​«​សមត្ថ​កិច្ច​បញ្ជូន​តែ​សំណុំ​រឿង​ប៉ុណ្ណោះ មិន​បាន​បញ្ជូន​ជន​សង្ស័យ​នោះ​ទេ ព្រោះ​តាម​ច្បាប់ ជន​សង្ស័យ​ជា​អនីតិជន មិន​ត្រូវ​ឃាត់​ខ្លួន​ទេ​ តែ​ក្មេង​នោះ ស្ថិត​នៅ​ក្រោម​ការ​តាម​ដាន​របស់​សមត្ថ​កិច្ច រហូត​ដល់​សំណុំ​រឿង​នោះ ត្រូវ​បញ្ចប់​»​។

លោក បេ ស៊ីវណ្ណា ប្រធាន​ការិយាល័យ​ប្រឆាំង​ការ​ជូញ​មនុស្ស​ និង​ការ​ពារ​អនីតិជន​ ខេត្ត​ព្រះ​សីហនុ បាន​ឲ្យ​ដឹង​ថា លោក​នឹង​បញ្ជូន​សំណុំ​រឿង​នោះ​ទៅ​តុលាការ​ នៅ​សប្តាហ៍​ក្រោយ បន្ទាប់​ពី​លោក​រួច​រាល់​ការ​ងារ។ លោក​បញ្ជាក់​ថា​«​សមត្ថ​កិច្ច​បាន​បង្គាប់​ឲ្យ​ជន​សង្ស័យ​និង​ឪពុក​ម្តាយ​ជន ​ សង្ស័យ​ធ្វើ​កិច្ច​សន្យា​កែ​ខ្លួន ​និង​អប់រំ​កូន តែ​យើង​នៅ​តែ​បញ្ជូន​សំណុំ​រឿង​នោះ ទៅ​តុលា​ការ ដើម្បី​ចាត់​ការ​តាម​ផ្លូវ​ច្បាប់​»។

ជន​សង្ស័យ ឈ្មោះ សុខា ឈូក អាយុ​ ១១ ​ឆ្នាំ ដែល​មាន​ផ្ទុក​មេ​រោគ​អេដស៍ ពី​ម្តាយ​ និង​ឪពុក​តាំង​ពី​កំណើត​បាន​ចាប់​រំលោភ ក្មេង​ស្រី​ឈ្មោះ ឡ.រ អាយុ ​៧ ​ឆ្នាំ ត្រូវ​ជា​ប្អូន​ជី​ដូន​មួយ នៅ​ក្នុង​ទឹក​អូរ ខណៈ​ពួក​គេ ​ទៅ​ងូត​ទឹក​នៅ​អូរ​មួយ​កន្លែង កាល​ពី​​ថ្ងៃ​អាទិត្យ នេះ​បើ​តាម​ការ​អះ​អាង​ពី​សាក្សី​។

អ្នក​ស្រី ហ៊ី ថែ ម្តាយ​ជន​រង​គ្រោះ និង​ជា​សាក្សី​ឃើញ​ហេតុ​ការណ៍​ផ្ទាល់​ភ្នែក បាន​ឲ្យ​ដឹង​ថា អ្នក​ស្រី សម្រេច​ប្តឹង​ក្មួយ​ប្រុស​របស់​ខ្លួន បន្ទាប់​ពី​គេ​បាន​រំលោភ​ ទៅ​លើ​កូន​ស្រីរ​បស់​អ្នក​ស្រី​។ ជន​រង​គ្រោះ អាច​នឹង​ឆ្លង​ជំងឺ​អេដស៍​ពី​ជន​សង្ស័យ។ អ្នក​ស្រី​បញ្ជាក់​ថា៖​«​ខ្ញុំ​មិន​អត់​ឱន​ឲ្យ​គេ​ឡើយ តុលាការ ​ត្រូវ​តែ​រក​យុត្តិ​ធម៌​ឲ្យ​កូន​ស្រី​ខ្ញុំ ព្រោះ​នាង​នៅ​ក្មេង ហើយ​អាច​ឆ្លង​មេ​រោគ​អេដស៍​ទៀត​»​។ បើ​តាម​អ្នក​ស្រី​ ហ៊ី ថែ កាល​ពី​ ៦​ ខែ​មុន ជន​សង្ស័យ​ធ្លាប់​រំលោភ ប្អូន​ជី​ដូន​មួយ​របស់​ខ្លួន​ម្នាក់​ទៀត ដែល​មាន​អាយុ​ ១​ ខួប​កន្លះ​ម្តង​រួច​មក​ហើយ តែ​គ្រួសារ​នោះ ​មិន​បាន​ប្តឹង​ទៅ​សមត្ថ​កិច្ច​នោះ​ទេ ដោយ​បញ្ចប់​រឿង​នេះ​ក្រៅ​ប្រព័ន្ធ​តុលា​ការ​។

លោក រស់ កី អធិការ​ស្រុក​ស្ទឹង​ហាវ​បាន​ថ្លែង​ថា​ សមត្ថ​កិច្ច​ មិន​បាន​ធ្វើ​កោសល្យ​វិច័យ រក​មេ​រោគ​អេដស៍ ​ទៅ​លើ​ជន​សង្ស័យ​នោះ​ទេ តែ​ថា​ តុលា​ការ ​នឹង​ចាត់​វិធានការ​រឿង​នេះ ហើយ​ប្រសិន​បើ​រក​ឃើញ​ថា​ មាន​កើត​ជំងឺ​អេដស៍​មែន​នោះ ជន​សង្ស័យ ​អាច​នឹង​ប្រឈម​ពី​បទ «​ចម្លង​ជំងឺ​អេដស៍​ដោយ​ចេតនា​»​ មួយ​ថែម​ទៀត​។

លោក តែង គន្ធី អគ្គ​លេខា​ធិការ​អាជ្ញា​ធរ​ជាតិ​ ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ បាន​ឲ្យ​ដឹង​ថា​ តាម​ច្បាប់​«អេដស៍» បាន​ចែង​ថា ​ជន​ដែល​ដឹង​ថា ខ្លួន​កើត​អេដស៍ ហើយ​ចម្លង​អេដស៍ដោយ​ចេតនា ត្រូវ​ផ្តន្ទា​ទោស​ ដាក់​ពន្ធនាគារ​ ចំនួន ​១៥​ ឆ្នាំ តែ​សម្រាប់​អនីតិជន លោក​មិន​ដឹង​ថា​នឹង​ត្រូវ​បន្ធូរ​បន្ថយ​ទោស​កម្រិត​ណា​នោះ​ទេ គឺ​អាស្រ័យ​ទៅ​លើ​តុលា​ការ​។

កញ្ញា ណាប់ សុម៉ាលី អ្នក​ស៊ើប​អង្កេត​អង្គ​ការ​លីកាដូ ប្រចាំ​ខេត្ត​ព្រះ​សីហនុ បាន​ឲ្យ​ដឹង​ថា គិត​ពី​ខែ​មករា ដល់​ថ្ងៃ​ទី​ ១៩ ខែ​តុលា ឆ្នាំ ​២០១០ លី​កា​ដូ ​បាន​ទទួល​ពាក្យ​បណ្តឹង ពី​ករណី​សេព​សន្ថវៈ ចំនួន​១០ ​ករណី ក្នុង​នោះ​ មាន​ ៩​ ករណី​ ជា​អនីតិ​ជន ដែល​មាន​អាយុ​ច្រើន​បំផុត​ ១៥​ ឆ្នាំ ត្រូវ​បាន​គេ​ចាប់​រំលោភ​។
ប្តី​ស្រ្តី​ដែល​ស្លាប់​នៅ​ពេល​សម្រាល​កូន​នៅ​មន្ទីរ​ពេទ្យ​ដក​ពាក្យ​បណ្តឹង
លោក គង់ វុធ អាយុ​ ៣៨​ ឆ្នាំ នៅ​ក្នុង​ភូមិ​ ២ សង្កាត់​ ១ ក្រុង-ខេត្ត​ព្រះ​សីហនុ ដែល​បាន​ប្តឹង​ទៅ​អង្គ​ការ​លីកាដូ កាល​ពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន ចោទ​ក្រុម​គ្រូ​ពេទ្យ​ នៃ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ថា​ មាន​ការ​រើស​អើង និង​យឺត​យ៉ាវ ចំពោះ​ការ​ជួយ​សង្គ្រោះ​ ប្រពន្ធ​របស់​ខ្លួន ឈ្មោះ ស៊ិន ធា អាយុ​ ៣៤ ​ឆ្នាំ ដែល​បណ្តាល​ឲ្យ​ស្លាប់ នៅ​ពេល​សម្រាល​កូន បាន​សម្រេច​ដក​ពាក្យ​បណ្តឹង​វិញ ។

លោក មិន​បាន​បញ្ជាក់​ពី​មូល​ហេតុ​ នៃ​ការ​ដក​ពាក្យ​បណ្តឹង​នោះ​ទេ​ តែ​ថា​ លោក ​«​គ្មាន​ចេតនា​ចង់​ប្តឹង​ប្តល់​ទេ គឺ​គ្រាន់​តែ​ចង់​ឲ្យ​គ្រូ​ពេទ្យ​ទាំង​នោះ ផ្លាស់​ប្តូរ​ឥរិយាបថ​រើសអើង​អ្នក​ជំងឺ​អេដស៍ ​និង​អ្នក​ក្រី​ក្រ ជៀស​វាង កុំ​ឲ្យ​មាន​ករណី​ស្លាប់​ដូច​ប្រពន្ធ​ខ្ញុំ​ទៀត​»​។

កញ្ញា ណាប់ សុ​ម៉ា​លី អ្នក​ស៊ើប​អង្កេត​អង្គ​ការ​លីកាដូ​ ប្រចាំ​ខេត្ត​ព្រះ​​សីហនុ សម្រេច​មិន​បន្ត​ការ​ស៊ើប​អង្កេត​ករណី​នេះ​ទៀត​ទេ ព្រោះ​អង្គការ​ «​គោរ​ពឆន្ទៈ​របស់​ដើម​បណ្តឹង»​។ ​កញ្ញា​​បញ្ជាក់​ថា ប្តី​ជន​រង​គ្រោះ បាន​រា​រែក​ក្នុង​ការ​ប្តឹង​គ្រូ​ពេទ្យ​ទាំង​នោះ បន្ទាប់​ពី​គ្រូ​ពេទ្យ​ម្នាក់ បាន​ទៅ​ពិភាក្សា​ផ្ទាល់​ នៅ​ឯ​ផ្ទះ​ជន​រង​គ្រោះ កាលពី​ថ្ងៃ​អាទិត្យ​។ គេ​មិន​បាន​ដឹង​ថា តើ​គ្រូពេទ្យ​ម្នាក់​នោះ បាន​និយាយ​​អ្វី​ជា​មួយ​ប្តី​ជន​រង​គ្រោះ​នោះ​ទេ ទើប​ធ្វើ​ឲ្យ​គ្រួសារ​ជន​រង​គ្រោះ សម្រេច​ដក​​ពាក្យ​បណ្តឹង​នោះ​វិញ​យ៉ាង​ប្រញាប់​ប្រញាល់​បែប​នេះ។

ទោះ​ជា​យ៉ាង​ណា ​អ្នក​ស្រី សៅ កាន ប្រធាន​មន្ទីរ​កិច្ច​ការ​នារី​ខេត្ត​ព្រះ​សីហនុ បាន​ថ្លែង​ថា តាម​ការ​ស្រាវ​ជ្រាវ​របស់​អ្នក​ស្រី ករណី​នេះ​ មិន​មែន​ជា​កំហុស​គ្រូ​ពេទ្យ​នោះ​ឡើយ​៕

ប្រភពភ្នំពេញប៉ុស្តិ

Categories: កុមារ, កុមារា, ក្មេងប្រុស, បទល្មើសកុមារ, រឿងកុមារា, សង្គមរស់នៅ | Tags: , , , , , , , , , , | មតិ 2

Post navigation

2 thoughts on “ចាប់​ខ្លួន​ក្មេង​ប្រុស​កើត​អេដស៍​អាយុ​១១​ឆ្នាំ​រំលោភ​ក្មេង​ស្រី

  1. តាម​ករណី​នេះ​ក្នុង​រយៈ​ពេល ៤​ម៉ោង យើង​អាច​សង្រ្គោះ​ក្មេង មិន​ឱ្យ​ឆ្លង​មេរោគ​អេដស៍​បាន ដោយ​ប្រើ​​ប្រាស់​កម្មវិធី PEP ដើម្បី​កាត់​បន្ថយ​នូវ​ការ​ចម្លង​មេរោគ​អេដស៍

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

ប្លក់​នៅ WordPress.com.

%d bloggers like this: