ច្បាប់​កំណត់​ទោស​សម្រាប់​កុមារ​ស្មើ​ពាក់​កណ្តាល​ទោស​មនុស្ស​ចាស់


«បើអប្បបរមានៃទោសដាក់ពន្ធនាគារស្មើ ឬលើសពីប្រាំឆ្នាំ ឬតិចជាង១០ឆ្នាំ ទោសអប្បបរមាត្រូវបន្ថយមកត្រឹមតែប្រាំមួយខែតែប៉ុណ្ណោះសម្រាប់ កុមារ»។

កុមារច្រើនរយនាក់ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារហូតដល់២០ ឆ្នាំចំពោះការប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌក្នុងឆ្នាំ២០១០នេះ។ ប្រទេសកម្ពុជាកំពុងធ្វើសេចក្តីព្រាងច្បាប់ពិសេសសម្រាប់យុត្តិធម៌ កុមារ។ សេចក្តីព្រាងច្បាប់នេះនឹងជួយកាត់បន្ថយទោសជាប់ពន្ធនាគារសម្រាប់ កុមារ ឬបង្វែរឲ្យទៅកសាងខ្លួននៅក្នុងមណ្ឌល ឬសហគមន៍ ដោយយោងទៅតាមទោស។

មន្ត្រីអង្គការមិនមែនរដ្ឋាភិបាលបាននិយាយថា បើយើងដាក់ពន្ធនាគារកុមារ គឺជាការបំផ្លាញអនាគតរបស់កុមារ បន្ទាប់ពីជាប់ពន្ធនាគារ។

ប្រទេសកម្ពុជាបានធ្វើសេចក្តីព្រាងច្បាប់ពិសេសមួយសម្រាប់លើក កម្ពស់យុត្តិធម៌កុមារដែលបានប្រព្រឹត្តបទឧក្រិដ្ឋប្រឆាំងនឹងច្បាប់ សំដៅបន្ធូរបន្ថយរយៈពេលទោសជាប់ពន្ធនាគារទាបជាងមនុស្សចាស់រហូត ដល់ពាក់កណ្តាល។

នៅក្នុងសិក្ខាសាលាស្តីពីច្បាប់ពិសេសដើម្បីការពារយុត្តិធម៌ កុមារ នៅថ្ងៃអង្គារនេះ លោកហ៊ី សោភា រដ្ឋលេខាធិការក្រសួងយុត្តិធម៌បានថ្លែងថា បើទោសដាក់ពន្ធនាគារអតិបរមាសម្រាប់មនុស្សចាស់មានរយៈពេល ប្រាំឆ្នាំ កុមារអាចត្រូវបានមានទោសជាប់ពន្ធនាគារត្រឹមតែពីរឆ្នាំកន្លះ ប៉ុណ្ណោះ ហើយបើទោសអតិបរមាដាក់ពន្ធនាគារអស់មួយជីវិតសម្រាប់មនុស្សចាស់ នោះទោសជាប់ពន្ធនាគារអស់មួយជីវិតសម្រាប់កុមារមានត្រឹមតែ២០ឆ្នាំ ប៉ុណ្ណោះ។ ទោសជាប់ពន្ធនាគារដែលលើសពី២០ឆ្នាំមិនអាចប្រើប្រាស់ទៅលើកុមារ បានទេ។

លោកហ៊ី សោភាបានបញ្ជាក់ថា ចំពោះទោសអប្បបរមាចាប់ពី១០ឆ្នាំ ឬ លើសពី១០ឆ្នាំ តុលាការមានសិទ្ធិសម្រេចដាក់ពន្ធនាគារត្រឹមតែមួយឆ្នាំប៉ុណ្ណោះ សម្រាប់កុមារ។

«បើអប្បបរមានៃទោសដាក់ពន្ធនាគារស្មើ ឬលើសពីប្រាំឆ្នាំ ឬតិចជាង១០ឆ្នាំ ទោសអប្បបរមាត្រូវបន្ថយមកត្រឹមតែប្រាំមួយខែតែប៉ុណ្ណោះសម្រាប់ កុមារ»។

លោកហ៊ី សោភាបានបញ្ជាក់ថា ទោសបន្ថែមចំនួនប្រាំក្នុងចំណោម១៩ប្រភេទទោស អាចយកទៅប្រើប្រាស់លើអនីតិជនបាន ដូចជាការរឹបអូសឧបករណ៍ សម្ភារៈ កម្មវត្ថុនៃបទល្មើស ការរឹបអូសផលទុន ឧបភោគភណ្ឌសម្ភារៈ ការហាមឃាត់ចំពោះការកាន់កាប់ និងការយកអាវុធតាមខ្លួន»។

លោកអុក វិបុល ប្រធានកម្មវិធីយុត្តិធម៌កុមារនៃអង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា បានថ្លែងប្រាប់ VOA ថា ក្រមព្រហ្មទណ្ឌថ្មីមិនមានលក្ខណៈពេលលេញសម្រាប់យុត្តិធម៌ដល់កុមារ ទេ។ ដូច្នេះយើងត្រូវការច្បាប់ពិសេសសម្រាប់អនីតិជន ដូចលោកហ៊ី សោភាបានលើកឡើង។

លោកអុក វិបុលបានបន្ថែមថា តុលាការ មេធាវី ប៉ូលិសយុត្តិធម៌ និងមន្ត្រីសង្គមកិច្ចគួរតែត្រូវបានបណ្តុះបណ្តាលជំនាញពាក់ព័ន្ធ ជាមួយកុមារ ហើយសិក្ខាសាលានេះមានគោលដៅជំរុញការអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីយុត្តិធម៌អនីតិជន ដែលកំពុងនៅក្នុងដៃរបស់ក្រុមប្រឹក្សាអ្នកច្បាប់ប្រចាំទីស្តីការ គណៈរដ្ឋមន្ត្រី។

លោកអុក វិបុលបានបន្តថា ក្នុងការអនុវត្តជាក់ស្តែង តុលាការនៅតែមានការដាក់ទោសដល់អនីតិជនឱ្យជាប់ពន្ធនាគារប្រហាក់ ប្រហែលមនុស្សចាស់។ វាមានន័យថា តុលាការបានបន្ធូរបន្ថយទោសជាប់ពន្ធនាគារសម្រាប់កុមារ ប៉ុន្តែវាមិនទាន់ដល់កម្រិតចង់បាននៅឡើយ ហើយតុលាការនៅតែប្រើច្បាប់អន្តរកាល UNTAC និងក្រមព្រហ្មទណ្ឌថ្មីសម្រាប់កាត់ទោសកុមារ និងមនុស្សចាស់។

លោកអុក វិបុលបានថ្លែងថា បើយើងដាក់ពន្ធនាគារកុមារ វាប៉ះពាល់ដល់អនាគតរបស់កុមារ ហើយបន្ទាប់ពីជាប់ពន្ធនាគារ កុមារត្រូវទទួលរងនូវការរើសអើងនៅក្នុងសហគមន៍ ការផ្លាស់ប្តូរទីលំនៅ មានលិខិតថ្កោលទោស និងការរើសអើងនៅក្នុងការរកការងារធ្វើ។

លោកអុក វិបុលបានបន្តថា បើក្មេងបានប្រព្រឹត្តបទល្មើសប្រឆាំងនឹងច្បាប់ តុលាការពិសេសសម្រាប់កុមារគួរតែសម្រេចយកកុមារនោះទៅថែរក្សានៅ មណ្ឌល ឬសហគមន៍ដើម្បីធ្វើការអប់រំ និងបង្រៀនជំនាញវិជ្ជាជីវៈផ្សេងៗ។ វាប្រសើរជាងដាក់នៅក្នុងពន្ធនាគារ។

«បើក្មេងមានប្រព្រឹត្តបទល្មើសអ្វីមួយ កុមារត្រូវតែចូលទៅក្នុងកន្លែងតុលាការពិសេសដែលមានច្បាប់ និងនីតិវិធីពិសេសដើម្បីការពារក្មេងនោះ»។

លោកអំ សំអាត ប្រធានផ្នែកស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្ស Licadho បានបញ្ជាក់ថា កុមារចំនួន៧៤២នាក់ ដែលរួមមានស្រី២៩នាក់ កំពុងជាប់ឃុំឃាំងនៅក្នុងពន្ធនាគារចំនួន១៨ ទូទាំងប្រទេស នៅក្នុងឆ្នាំ២០១០នេះ។ កុមារទាំងនេះត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររវាងពីប្រាំឆ្នាំ ដល់២០ឆ្នាំចំពោះការប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌប្រឆាំងនឹងច្បាប់ ដូចជា មនុស្សឃាត ការជួញដូរគ្រឿងញៀន លួចប្លន់ ការបង្ករបួសស្នាម និងរំលោភសេពសន្ទវៈជាដើម៕

Categories: កុមារ, បទល្មើសកុមារ | ពាក្យ​គន្លឹះ៖ , , , | បញ្ចេញមតិ

ការ​នាំទិស​ប្រកាស

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

ប្លក់​នៅ WordPress.com.

%d bloggers like this: