សំណួ​រ​ផ្លូវភេទ​សម្រាប់​អប់​រំកុមារ


នៅ​ពេល​ ខ្លះ​ ឪពុក​ម្តាយ​ត្រូវ​ជួប​នឹង​សំណួរ​ដ៏​ចម្លែក​ៗ​របស់​កូនៗ​ទាក់​ទង​នឹង​បញ្ហា​ ផ្លូវ​ភេទ ដែល​ជាទូទៅ​ឪពុក​ម្តាយ​ហាក់​មាន​អារម្មណ៍​ស្ទើរស្ទាក់ ចង់​ឆ្លើយ​ជាមួយ​កូន​បន្តិច មិន​ចង់​ឆ្លើយ​បន្តិច ? តើ​ត្រូវ​និយាយ​ពី អ្វី​ខ្លះ ? និង​អ្វី​ខ្លះ ដែល​មិនគួរនិយាយ ? គួរ​និយាយ​នៅ ពេល​នេះ ឬ​នៅ​ពេល​ក្រោយ ? តើ​ហេតុ​អ្វី​បាន​ជា​គ្រូពេទ្យ​កុមារ​យល់​ថា​ការ​និយាយ​ពី​បញ្ហា​ផ្លូវ​ភេទ​ ជា​រឿង​សំខាន់​​? សូម​ស្តាប់​ការ​បក​ស្រាយ​បំភ្លឺ​របស់ អៀង សុខម៉ិញ ដោយ​មាន​អន្តរាគមន៍​ពី​លោកស្រី​វេជ្ជបណ្ឌិតCatherine Solanaud។

បញ្ហា​ផ្លូវ​ភេទ​មិន​ត្រូវ​បាន​សង្គម​ខ្មែរ ស្វាគមន៍​ និង​លើក​យក​និយាយ​ដោយ​ចំហ ជាមួយ​កូន​ចៅ​ទេ ព្រោះ​ពេល​ខ្លះ​​គេ​យល់​ថា​ជា​រឿង​អាសអាភាស និង​​អាច​ប៉ះពាល់​ដល់​ផ្នែក​សីលធម៌ និង​វប្បធម៌។ ទាំង​នេះ​ក៏​មាន​ពី​បណ្តា​ជន​ភាគ​ច្រើន​គិត​សំដៅ​ទៅ​លើ ការ​រួម​ភេទតែ​មួយ​មុខ។ ប៉ុន្តែ​ប្រសិន​បើ​យើង គិត​ដល់​បញ្ហា​សុវត្ថិភាព​ក្នុង​សង្គម ​បញ្ហា​សុខភាព​​ និង​គិត​ដល់​​​ពាក្យ​ថា​ ការពារ​ប្រសើរ​ជាង​ព្យាបាល​វិញ​ នោះ​​ប្រធានបទ​ទាក់ទង​នឹង​ការ​រួម​ភេទ​ គួរ​តែ​ត្រូវ​លើក​មក​ពន្យល់​កូន​ចៅ​ឲ្យ​យល់​ និង​ឲ្យ​បាន​ជ្រាប​ ដើម្បី​ជា​ការ​ការពារ​ខ្លួន? ដូច្នេះ​សួរ​ថា​តើ​ត្រូវ​និយាយ​ពន្យល់​ប្រាប់​កូន​ចៅ​យ៉ាង​ដូច​ម្តេច ? នៅ​ពេល​ណា ? ហេតុ​​អ្វី​បាន​ជា​ការ​និយាយ​អំពី​បញ្ហា​ផ្លូវ​ភេទ​មាន​ប្រយោជន៍​ ?

សំរាប់ ​លោកស្រី​វេជ្ជបណ្ឌិត​ Catherine Solanaud ការ​និយាយ​ពី​រឿង​ភេទ​ដល់​កុមារ​ ​គឺ​ជា​ប្រធានបទ​មួយដ៏​សំខាន់។ ពី​ព្រោះ​ ចំពោះ​លោកស្រី​វេជ្ជបណ្ឌិត ការនិយាយ​ពី​រឿង​ភេទ មិន​មែន​សំដៅ​លើ​សំណួរ​ ថា​តើ​ពេល​ណា​ដែល​យើង​ជា​ឪពុក​ម្តាយ​ត្រូវ​និយាយ​ប្រាប់​កូន នៅ​ពេល​ណា​ពី​ការ​រួម​ភេទ ពីការ​បង្ក​បង្កើត​​យ៉ាង​ដូច​ម្តេច​ ឬ​នៅពេល​ណា​នោះ​ទេ ?! តែ​គិត​​ថា​តើ​ហេតុ​អ្វី​ដែល​ជំរុញ​ឲ្យ​យើង​​ជា​ឪពុក​ម្តាយ​មក​និយាយ​ពី​ បញ្ហា​ ផ្លូវ​ភេទ​ជាមួយ​​កូនៗ​។ យើង​ត្រូវ​និយាយ​ប្រាប់​កូន ពី​ព្រោះ​បញ្ហា​ផ្លូវ​ភេទ មិន​មែន​ជា​ប្រធានបទ​ដែល​គេ​ហាម​ឃាត់​ ឬ ដែល​មិន​ត្រូវ​និយាយ​ទេ។ វា​គឺ​ជា​ចំណែក​មួយ​របស់​ជីវិត មិន​មែន​ជា​រឿង​អៀន​ខ្មាស​ ឬ​រឿង​គ្មាន​អនាម័យ​អ្វី​ឡើយ។ ប៉ុន្តែ​អ្វី​ដែល​យើង​ត្រូវ​និយាយ​ គឺ​ដើម្បី​ជា​ប្រយោជន៍​ដល់​កូន​ទៅ​ថ្ងៃ​អនាគត​។ ជា​ពិសេស​យើង​ត្រូវ​តែ​និយាយ​ពី​ក្បួន​ច្បាប់​នៃ​ការ​ប្រព្រឹត្ត​ផ្លូវ​ភេទ​ ព្រោះ​នេះ​គឺ​ជា​បញ្ហា​ដែល​កុមារ​គួរ​តែ​យល់​ដឹង ដើម្បី​ សុខភាព​ និង​ការ​ការ​ពារ​ខ្លួន​ ចៀស​ផុត​រាល់​បញ្ហា​ធ្ងន់​ធ្ងរ​ទាំង​ឡាយ​បាន។

តើ​អ្វី​ទៅ​ជា​ក្បួន​ច្បាប់​នៃ​ការ​ប្រព្រឹត្ត​ផ្លូវ​ភេទ ?

មុន ​នឹង​ផ្តើម​បរិយាយ​ពី​ក្បួន​ច្បាប់​សុខភាព​ផ្លូវភេទ ខ្ញុំ​ចង់​បញ្ជាក់​ថា​ក្បួន​នេះ​មិន​មែន​ជា​អ្វី​ដែល​គេ​ចែង​ឡើង​សំរាប់​តែ​ កុមារ​ តែ​ម្យ៉ាង​ប៉ុណ្ណោះ​ទេ គឺ​សំរាប់​មនុស្ស​ទូទៅ​ទាំង​អស់។ ដូច្នេះ ពេល​យើង​ពន្យល់​កូន មិន​មែន​និយាយ​ថា កូន​ត្រូវ​ធ្វើ​ដូច្នេះ ឬ ដូច្នោះ​ មិន​ត្រូវ​ធ្វើ​នេះ ឬ​មិន​ត្រូវ​ធ្វើ​នោះ​ឡើយ។ តែ​អ្វី​តែ​ម្តាយ​និយាយ​ប្រាប់​កូន​នេះ គឺ​ជា​ក្បួន​ ច្បាប់​របស់​មនុស្ស​ ជា​ច្បាប់​សំរាប់​រស់​នៅ​ក្នុង​សង្គម​ ដែល​មាន​កុមារ​ មាន​មនុស្ស​ពេញ​វ័យ​ និង​មនុស្ស​ចាស់។ល។ និង​។ល។

ច្បាប់​ទី​មួយ​ គឺ ហាម​មិន​ឲ្យ​មាន​ការ​​ប្រព្រឹត្ត​ផ្លូវ​ភេទ​រវាង​កុមារ​ ជាមួយ​នឹង​មនុស្ស​ពេញ​វ័យ។ បើ​មនុស្ស​ពេញ​វ័យ​ ហ៊ាន​ប្រព្រឹត្ត​ល្មើស​នោះ​គេ​នឹង​ត្រូវ​ទទួល​ទោស​ទៅ​តាម​ច្បាប់។ ការ​ពន្យល់​ណែនាំ​ដែល​មាន​លក្ខណៈ​សាមញ្ញ​នេះ​ មាន​អត្ថប្រយោជន៍​ខ្លាំង​ណាស់​សំរាប់​កុមារ​ ក្នុង​ការ​ប្រឈម​មុខ​នឹង​ក្រុម​ជន​ដែល​ស្រលាញ់​កូន​ក្មេង ព្រោះ​តែ​កុមារ​ដែល​ពុំ​បាន​ទទួល​ព័ត៌មាន​បែប​នេះ មិន​ហ៊ាន​ប្រកែក ឬ មិន​យល់​ថា ពេល​មនុស្ស​ធំ មក​ប៉ះ​ពាល់​ លូក​លេង​រាង​កាយ​ ឬ​កេរ្តិ៍​ខ្មាស​ ជា​កាយ​វិការ​នាំ​ទៅ​រក​គ្រោះ​ថ្នាក់​នោះ​ទេ។ បើ​តាម​បទ​ពិសោធន៍​របស់​ខ្ញុំ​ដែល​បាន​ជួប​ជា​មួយ​នឹង​ទណ្ឌិត​ក្នុង​បទ​ ប្រព្រឹត្ត​អាណាចារ​លើក​កុមារ​បាន​សារភាព​ថា ពេល​ជួប​ជា​មួយ​កុមារ​ដែល​ចេះ​និយាយ​ពញ្ជាក់​អារម្មណ៍​ថា​ជា​អំពើ​ខុស​ឆ្គង ពួក​គេ​មិន​ប៉ះពាល់​កុមារ​នោះ​ទៀត​ទេ។

ចុះ​ច្បាប់​ទីពីរ​វិញ ?

ច្បាប់ ​ទី​ពីរ​ គឺ​ហាម​ឃាត់​មិន​ឲ្យ​មាន​ការ​ស្រលាញ់​ រួម​ភេទ​គ្នា​ក្នុង​គ្រួសារ​ រវាង​បង​និង​ប្អូន​ទេ ឪពុក​ ម្តាយ​និង​កូន​ទេ។​ នេះ​ជា​ច្បាប់​ធម្មជាតិ​សំរាប់​មនុស្ស​លោក​ទាំង​មូល។ អំពើ​ហិង្សា និង​ការ​រំលោភ​បំពាន​ក្នុង​រង្វង់​គ្រួសារ​ក៏​ជា​គ្រោះ​ថ្នាក់​មួយ​ដ៏​ធំ​ផង ​ដែរ។ ចំណែក​ឯ​ច្បាប់​ទី​បីវិញ គឺ​ការ​រួម​ភេទ​នឹង​អាច​ប្រព្រឹត្ត​ទៅ​បាន​ដរាប​ណា​មាន​ការ​យល់​ព្រម​ព្រៀង​ គ្នា​ដោយ​គ្មាន​ការ​បង្ខិត​បង្ខំ ពី​ដៃ​គូ ឬ​ មិន​ប្រឆាំង​នឹង​វប្បធម៌​សង្គម។ មិន​តែ​ប៉ុណ្ណោះ ទាំង​កុមារ និង​មនុស្ស​ពេញ​វ័យ​សុទ្ធ​តែ​គ្មាន​សិទ្ធិ​បង្ខំ​គេ​ឲ្យ​យល់​ព្រម​នឹង​ខ្លួន ​ទេ និង​គ្មាន​សិទ្ធិ​មក​ប៉ះពាល់ លូក​លាន់ ដៃ​ជើង សំពត់​អាវ កេរ្តិ៍​ខ្មាស របស់​អ្នក​ណា​ម្នាក់​សោះ​ឡើយ។

នៅ​មាន​ច្បាប់​មួយ​ទៀត ដែល​​ត្រូវ​តែ​ពន្យល់​ប្រាប់​ដែរ​នោះ គឺ​បញ្ហា​រួម​ភេទ​ គឺ​ជា​រឿង​ផ្ទាល់​ខ្លួន​ឯកជន​សំរាប់​មនុស្ស​ពី​រ​នាក់។ មិន​ត្រូវ​មក​បង្ហាញ​ជា​សាធារណៈ​ តាម​ផ្លូវ តាម​ទី​ប្រជុំ​ជន​នោះ​ទេ។ ពេល​ខ្លះ​គេ​អាចឃើញ​កុមារ​ដើរស្រាត​នៅ​តាម​ផ្លូវ ឬ​នៅ​តាម​ឆ្នេរ​សមុទ្រ​តែ​ទង្វើ​នេះ​​ត្រូវ​តែ​ធ្វើ​ឡើង​ព្រោះ​ហេតុ​ផល​ ផ្សេង និង​គ្មាន​លាក់​បំបាំង​គំនិត​អាស្រូវ​ ចងបង្ក​ហេតុ​ ឬ​បង្កើន​ចំណង់​ដល់​បុគ្គល​ណា​ម្នាក់។

នៅពេល​កុមារ​មិន​បាន​ ជ្រាប់​ពី​ច្បាប់​ទាំង​នេះ តើ​អាច​នឹង​ផល​វិបាក​ទៅ​ថ្ងៃ​ក្រោយ​យ៉ាង​ណា ?

បើ ​ឪពុក​មា្តយ​មិន​និយាយ​ពន្យល់​ប្រាប់កូន នោះ​កូន​ៗ​ប្រាកដ​ជា​ពុំ​ដឹង​ទេ។ នេះ​ជា​រឿង​ធម្មតា ប៉ុន្តែ​ឆ្លង​កាត់​វេលា​យូរ​ទៅ​កុមារ​អាច​នឹង​ដឹង​បាន​ខ្លួន​ឯង តែ​ការ​យល់​ដឹង​ដោយ​ខ្លួន​ឯង​នេះ វា​មិន​ដូច​ជា​អ្វី​ដែល​ឪពុក​ម្តាយ​បាន​និយាយ​ប្រាប់​ទេ។ ជាពិសេស​ដើម្បី​​ការពារ​​ខ្លួន និង​ដើម្បី​ប្រកែក​នឹង​ការ​បង្ខិត​បង្ខំ​ពី​ជន​អាក្រក់​ណា​ម្នាក់។ ដូច្នេះ​បើ​យើង​បាន​និយាយ​ប្រាប់​កូន​ គឺ​ដូច​ជា​យើង​បាន​ជួយ​កូន​ឲ្យ​ចេះ​ការពារ​ខ្លួន និង​មាន​ជំហរ​រឹង​ម៉ាំ​នឹង​ប្រឆាំង​តប​ត​នឹង​ព្រឹត្តិការណ៍​អ្វី​មួយ​ជា​ យថាហេតុ ហើយ​ម្យ៉ាង​ទៀត​ដួច​ជាបាន​ជួយ​ណែ​នាំ​កូន​ឲ្យ​បាន​ដើរ​ផ្លូវ​ល្អ មិន​ប្រព្រឹត្ត​ខុស​ទៅ​លើ​គេ​វិញ។

ប៉ុន្តែ​រហូត​មក​ទល់​ពេល​ នេះ​ឪពុក​ម្តាយ​គ្រប់​គ្នា​បាន​យល់​ហើយ តែ​ត្រូវ​និយាយ​ជាមួយ​កូន​ក្នុង​វ័យ​ណា ?

សំរាប់​កុមារ​ដែល​ មាន​អាយុ​ ពីរ​បី​ឆ្នាំ គឺ​វា​ឆាប់​បន្តិច​ហើយ កុមារ​ទាំង​នោះ​មិន​អាច​យល់​បាន​នៅ​ឡើយ​ទេ ប៉ុន្តែ​ចាប់​ពី​អាយុ​៥​ឆ្នាំ​ឡើង​ទៅ ឪពុក​ម្តាយ​គួរ​តែ​ចាប់​ផ្តើម​ពន្យល់​កូន​ មិន​ឲ្យ​ប៉ះពាល់ ប្រដាប់​ភេទ លាត់​សំពត់​ឬ ខោ​ មើល​ខោស្លីប។ គ្មាន​នរណា​ម្នាក់​មាន​សិទ្ធិ​ធ្វើ​បែប​នេះ​ទេ ត្រូវ​តែ​ស្រែក​ថា​ទេ​ភ្លាម ព្រោះ​ជា​ការ​ហាម​ឃាត់។ អាយុ ៤​ឬ ៥ ពេល​ចាប់​ផ្តើម​ចូល​សាលា​ គឺ​គ្រប់​ល្មម​នឹង​និយាយ​ហើយ៕

ប្រភព៖ RFI
សរសេរដោយ អៀង សុខម៉ិញ

Categories: កុមារ, សង្គមរស់នៅ | Tags: , , , , , , , | បញ្ចេញមតិ

Post navigation

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

បង្កើត​វេបសាយ​ឬ​ប្លក់​មិន​គិត​ប្រាក់​មួយ​នៅ WordPress.com.

%d bloggers like this: